ទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រី និងហ្គេមអេឡិចត្រូនិចនៅក្នុងសង្កាត់ទន្លេបាសាក់ ត្រូវគណៈបញ្ជាការឯកភាពខណ្ឌចំការមន បានចុះបង្ក្រាប និងឃាត់ខ្លួនមនុស្សប្រុសស្រី១២នាក់
ថ្ងៃ សុក្រ ទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០២០

ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ពីលោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌចំការមន និងគោរពតាម  អនុសាសន៍ របស់ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ នៅយប់ថ្ងៃព្រហស្បតិ៍ ៥រោច ខែកត្តិកឆ្នាំជូត  ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពខណ្ឌចំការមនដឹកនាំដោយលោក កែវ  សំណាង អភិបាលរងខណ្ឌចំការមន បានចុះបង្ក្រាបកន្លែងលួចបេីកល្បែងស៊ីសងអេឡិចត្រូនិចយីហោ មជ្ឈមណ្ឌលកំសាន្ត ហ៊ួយឈាវ  ដែលស្ថិតនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម Golden Street ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការបង្ក្រាបនេះបានឃាត់ ខ្លួនមនុស្សប្រុស ស្រី ដែលជាបុគ្គលិកក៏ដូចជា ភ្ញៀវចូលលេងចំនួន ១២នាក់ និងដកហូត វត្ថុ តាងទូហ្គេម បាញ់ត្រីមួយចំនួនផងដែរ។

ជាមួយគ្នានោះដែរ លោក កែវ សំណាង អភិបាលរងខណ្ឌចំការមន បានបញ្ជាក់ថា ករណីបង្រ្កាបល្បែងសុីសងខុសច្បាប់ខាងលេីក្រោយ ពេល ឃាត់ខ្លួនអ្នកញៀនល្បែង និងបុគ្គលិកប្រុស ស្រី ទាំង១២នាក់ យើងបានប្រគល់ឲ្យនគរបាលប៉ុស្តិ៍ទន្លេបាសាក់យកទៅអប់រំ និងឲ្យគ្រួសារមកធានាឈប់ប្រព្រឹត្តល្បែងសុីសងបន្តទៀត ព្រោះវាអាចបំផ្លាញទ្រព្យសម្បត្តិរបស់យេីង និងគ្រួសារ។

ដោយឡែកបើបានពិនិត្យឃេីញអ្នកដែលឃាត់ខ្លួនមានប្រេីប្រាស់គ្រឿងញៀនគឺត្រូវបញ្ជូនទៅមណ្ឌលឱកាសខ្ញុំដេីម្បីបន្សាបគ្រឿងញៀន ។ ចំណែកវត្ថុ តាង ទូហ្គេម បាញ់ត្រីបានឲ្យកម្លាំង គណៈបញ្ជាការ ឯកភាព ខណ្ឌចំការមន ដកហូតយកទៅ រក្សាទុក នៅសាលា ខណ្ឌដេីម្បី ចាត់ការតាមនីតិវិធីច្បាប់ ៕ ដោយ៖  ភារ៉ា  និងប៊ុនធី